STEM Community គឺជាកម្មវិធីមួយដែល Stablu FabLab បាននាំយកគម្រោង STEM ដែលមាន ទៅបង្ហាត់បង្ហាញ និងបង្រៀង ទៅកាន់សិស្សានុសិស្សគ្រប់ស្ថាប័ន អោយយល់ដឹងពីមូលដ្ឋានផ្នែកអេឡិចត្រូនិច វិទ្យាសាស្ត្រ និងវិស្វកម្ម ការចេះធ្វើការងារជាក្រុម ការចេះគិតបែបស៊ីជម្រៅ (Critical Thinking) ដើម្បីដោះស្រាយបញ្ហាក្នុងការរស់នៅជីវិតប្រចាំថ្ងៃ ពិសេសចង់អោយសិស្សានុសិស្ស ស្រឡាញ់ចូលចិត្តវិស័យ STEM។
តើ STEM ជាអ្វី?
STEM តំណាងឱ្យ វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និងគណិតវិទ្យា (Mathematics)។ ប៉ុន្តែនៅ Stablu FabLab មើលឃើញនិងបានអនុវត្តជាក់ស្តែង STEM មិនមែនគ្រាន់តែជាមុខវិជ្ជាទាំងបួននេះទេ តែវាគឺជា "របៀបនៃការគិត" ដែលផ្តោតលើហេតុផលតក្កវិទ្យា ការគិតបើបស៊ីជម្រៅ (Critical Thinking) និងការដោះស្រាយបញ្ហាជាក់ស្តែង ការផ្តល់អោយសិស្សានុសិស្សចេះបង្កើត ជួសជុល និងច្នៃប្រឌិតដោយផ្ទាល់ដៃ។
តើយើងធ្វើគម្រោងអ្វី?
"ប្រព័ន្ធចតរថយន្តដោយស្វ័យប្រវត្តិ" (Smart Parking System) គឺជាគម្រោងមួយដែលយើងចង់ណែនាំសិស្សានុសិស្សឱ្យស្វែងយល់ពីប្រព័ន្ធស្វ័យប្រវត្តិក្នុងពិភពពិត។ តាមរយៈការបង្កើតគម្រូចំណតរថយន្តឆ្លាតវៃខ្នាតតូច ដែលសិស្សអាចមើលឃើញយ៉ាងច្បាស់ពីរបៀបដែលបច្ចេកវិទ្យាអាចជួយសម្រួលដល់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ (Smart City) នៅជុំវិញពួកគេ។
តើយើងបានធ្វើសកម្មភាពអ្វីខ្លះ?

ការរៀនសូត្រតាមរយៈការអនុវត្តផ្ទាល់ ជាចំនុចរសើប ដែលជួយអោយសិស្សានុសិស្សទទួលបានពិភពពិត និងងាយស្រួលក្នុងការយល់ដឹង ចាប់ឆាប់បាន ពិសេសបានអនុវត្តផ្ទាល់លើកិច្ចការដែលគេបានរៀន។ អ្វីដែលយើងបានកត់សម្គាល់ និងសប្បាយចិត្តនោះគីការចូលរួមយ៉ាងសកម្ម ពីសិស្សានុសិស្ស ព្រោះតែការចង់ចេះចង់ដឹង ក្នុងនោះមានដូចជា៖
- មូលដ្ឋានគ្រឹះអេឡិចត្រូនិច៖ សិក្សាពីមូលដ្ឋានគ្រឹះនៃអគ្គិសនី និងរបៀបតភ្ជាប់សៀគ្វី ព្រមទាំង Sensor នានាដោយសុវត្ថិភាព។
- ការសរសេរកូដ (Coding): សរសេរកូដដើម្បីបញ្ជា Microcontroller ធ្វើឱ្យប្រព័ន្ធបិទបើកទ្វារ និង Sensor ដំណើរការ។
- ការបង្កើតគំរូ (Prototyping): ប្រើប្រាស់ការធ្វើការងារជាក្រុម និងគំនិតច្នៃប្រឌិត ដើម្បីរចនា និងសាងសង់តួចំណតរថយន្តពីកេសកាតុង ឬឈើ។
- ការប្រកួតប្រជែង (Innovation Challenges): ពួកយើងបានបង្កើតការប្រកួតប្រជែងជាក្រុម ដែលតម្រូវឱ្យសិស្សរកដំណោះស្រាយបញ្ហាកូដ (Troubleshooting) និងបន្ថែមមុខងារថ្មីៗទៅក្នុងគម្រោងដើមរបស់ពួកគេ។
ជំហ៊ានបន្តរបស់សិស្សានុសិស្ស

ចុងបញ្ចប់នៃកម្មវិធី កូនសិស្សបានចាប់គ្នាជាក្រុម រៀនធ្វើការជាក្រុម បង្កើតគំនិតបន្ថែមលើអ្វីដែល Stablu FabLab បានបង្រៀន ទៅបង្កើតជាគម្រោងថ្មីមួយដែលមានសមត្ថភាពលើស និងច្រើនជាងគម្រោងដែលយើងបានបង្រៀន រួចធ្វើបទបង្ហាញ ដើម្បីរកអ្នកដែលបានធ្វើល្អជាងគេជាអ្នកឈ្នះ។ សម្រាប់អ្នកឈ្នះ និងទទួលបានរង្វាន់ និងសមត្ថភាពក្នុងការយកគម្រោងដែលយើងបានបង្ហាត់បង្រៀនទៅបង្រៀន សិស្សដទៃទៀត និងមានរៀបចំដោយ Anjali House និងនៅតែមានការគាំទ្រពី Stablu FabLab ក្នុងកម្មវិធី STEM Community Program។
សមិត្តិផលនេះពិតជាល្អខ្លាំងណាស់ដែល Stablu FabLab បានបង្រៀនទៅកាន់កូនសិស្ស ហើយពួកគាត់មានសមត្ថភាពអាចនាំយកចំនេះដឹងដែលទទួលបានទៅចែករំលែង និងបង្រៀនទៅសិស្សដទៃទៀតបាន។
មតិយោបល់ 0